រដ្ឋបាលខេត្តរតនគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

0
14

ភ្នំពេញ:ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នេះ បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា។ពិធីបុណ្យចម្រើនព្រះជន្នប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈ ក្រោមអធិបតីភាពឯកឧត្តម សុឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ញ៉ែម

សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានការនិមន្តចូលរួមពី ព្រះសង្ឃ និងអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។

ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអានសារលិខិតថ្វាយព្រះពរ ដែលមានខ្លឹមសារថា ៖ បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏នក្ខត្តឫក្ស មហាមង្គល បវរមហាប្រសើរ នៃពិធីបុណ្យចម្រើនព្រះវស្សាគម្រប់ ៧១យាងចូល ៧២ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ទូលព្រះបង្គំជាខ្ញុំ ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាខេត្ត

គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្រគ្រប់ជនជាតិ នៅក្នុងខេត្តរតនគិរីសូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តីសិរីមង្គល មហាប្រសើរគ្រប់ប្រការ ប្រកបដោយក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោសព្រះរាជទានព្រះមហាករុណាទិគុណដល់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា កន្លងមក។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាចងចាំជានិច្ចនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការចំណាយព្រះបញ្ញាញាណ ព្រះកាយពលគ្រប់ពេលវេលា ក្នុងបុព្វហេតុជួយដល់ជាតិ មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គប្រកបដោយព្រះរាជហឬទ័យមហាសប្បុរស សណ្តោសប្រោសប្រណីដ៏ថ្លៃថ្លាជាទីបំផុត រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះវស្សាដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំង អស់គ្នា សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី

ទេវតាឆ្នាំថ្មី ទេវតា រក្សាមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក សូមប្រោះប្រទាននូវទឹកមន្តអម្រឹត ប្រសិទ្ធិពរជ័យថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ៕

ផ្សាយដោយ៖ ធូ កុសល

LEAVE A REPLY

Please enter your comment!
Please enter your name here