ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បើកសិក្ខាសាលាតាមតំបន់ ដើម្បីផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងណែនាំពីនីតិវិធីសម្រាប់ការចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ

0
21

(សៀមរាប)៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាតាមតំបន់ ដើម្បីផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងណែនាំពីនីតិវិធីសម្រាប់ការចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរៀបចំដោយក្រសួងមុខងារសាធារណៈ និងការផ្សព្វផ្សាយវិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់កម្រិតវិទ្យាល័យ សាលាមត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែក។

សិក្ខាសាលា ទទួលបានការអញ្ជើញចូលរួមពី លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. តំណាងក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ប្រធាន សមាជិក សមាជិកានៃគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយក និងនាយិកានៃវិទ្យាល័យ និងសាលាមត្តេយ្យសិក្សា ព្រមទាំងប្រធានមន្ទីរពេទ្យបង្អែកទូទាំងខេត្តដែលអញ្ជើញមកពីខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ។

លោកអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ នៅឯអង្គសិក្ខសាលានេះ ថា៖ ការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ រដ្ឋបាលខេត្តសៀមរាបបានអនុវត្តការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ទៅតាមដំណាក់កាលនីមួយៗ ចាប់តាំងពីការរៀបចំសេចក្ដីជូនដំណឹងដល់គណៈកម្មការ វាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ក្រុង ស្រុក(គ.វ.ក.) រហូតដល់ដំណាក់កាល នៃការពិនិត្យ និងវាយតម្លៃចុងក្រោយពីគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.)។

លោកបន្តឱ្យដឹងថា៖ ជាលទ្ធផល ខេត្តសៀមរាប មានអង្គភាពទទួលបានជ័យលាភីចំនួន ៤ ដូចជាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសាជាប់ចំណាត់ថ្នាក់លេខ២ សាលាបឋមសិក្សាវត្តបូព៌ចំណាត់ថ្នាក់លេខ៣ សាលាបឋមសិក្សាក្រវ៉ាន់ ចំណាត់ថ្នាក់លេខ៦ និងមណ្ឌលសុខភាពគោកចក ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបេក្ខភាពជ័យលាភីទូទាំងប្រទេស។ ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងបន្តជំរុញ ការយកចិត្តទុកដាក់លើចលនា ប្រឡងប្រណាំង អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យទាំងពីរខាងលើ ដោយបានកំណត់យកវិទ្យាល័យ សាលាមត្តេយ្យសិក្សា(មត្តេយ្យសិក្សាធនធាន និងមត្តេយ្យសិក្សាដាច់ដោយឡែក) និងមន្ទីរពេទ្យបង្អែក ដែលផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ ជាគោលដៅ នៃការវាយតម្លៃស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ការបង្កើតកម្មវិធីវាយតម្លៃ និងទទួលស្គាល់ការផ្តល់សេវាសាធារណៈគំរូនេះ ជាឱកាសមួយដ៏ធំធេងណាស់ សម្រាប់ជួបជុំគ្នា ពិគ្រោះយោបល់គ្នា ត្រង់ទៅត្រង់មក ក៏ដូចជាការរៀនសូត្របទពិសោធន៍ពីអង្គភាពជោគជ័យក្នុងការផ្តល់សេវា»។ លោក បានបន្ថែមថា «នេះជាឱកាសសម្រាប់ការចែករំលែកបទពិសោធន៍ ថាតើថា្នក់ជាតិ និងថ្នាក់កម្រិតខេត្ត ក្រុង ស្រុក ជាមួយនឹងប្រតិបត្តិករនៅមូលដ្ឋាន ជួយគ្នា សហការគ្នាបង្កើនសមត្ថភាព និងលទ្ធភាពក្នុងការផ្តល់សេវា បានកម្រិតណា ដើម្បីធ្វើយ៉ាងណាឱ្យអ្នកទទួលយកនូវសេវា មានការសប្បាយរីករាយ»

សិក្ខាសាលានាពេលនេះ ជាសិក្ខាសាលាតំបន់ទី៤ និងជាតំបន់ចុងក្រោយ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី៦ ទី៧ ខែឧសភា ឆ្នាំ២០២៤ ដោយរៀបចំឱ្យមានបទបង្ហាញផ្សព្វផ្សាយចំនួន១៤ និងវេទិកាសំណួរ និងចម្លើយចំនួន ៤ ក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីឱ្យសិក្ខាកាមទាំងអស់ ជ្រាបជាព័ត៌មាន សម្រាប់ត្រៀមចូលរួមក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពសាធារណៈគំរូ ឆ្នាំ២០២៤ តាមរយៈការធ្វើបទបង្ហាញ របស់សមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ.៕

LEAVE A REPLY

Please enter your comment!
Please enter your name here