អភិបាលខេត្តរតនគិរី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនកងកម្លាំងការពារព្រំដែន កម្ពុជា-វៀតណាម

0
22

(រតនគិរី)៖ លោក ញ៉ែម សំអឿន  អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកស្រីអមដំណើរ ដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងទាំងបី និងប្រធានមន្ទីរមួយចំនួន នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនកងកម្លាំងនគរបាលការពារព្រំដែន កម្ពុជា-វៀតណាមចំនួន ៤ ប៉ុស្តិ៍ ចំណុះវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ រួមមាន៖ ប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ ៦០៧ (ខ្លាធំ) ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៦០៩ (៥០០) ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៧០១ (អូរលាវ) និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៧០៣ (ពាមអូរលាវ)។

ថ្លែងនាឱកាសនោះ លោក ញ៉ែម សំអឿន បានពាំនាំនូវការសួរសុខទុក្ខ ដល់កងកម្លាំងពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ។

លោកអភិបាលខេត្ត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ សម្តេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងយើង ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ជាពិសេសការចុះជួបសំណេះសំណាល ពីថ្នាក់ដឹកនាំខេត្តនាពេលនេះ ក៏ដូចជាការយកចិត្តទុកដាក់ ចង់ដឹងសុខទុក្ខ កងកម្លាំងរបស់យើងផងដែរ។

លោកអភិបាលខេត្តបន្តថា ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងជួរមុខ ការពារខ្សែបន្ទាត់ព្រំដែនជាការផ្សារភ្ជាប់ រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនង ឲ្យកាន់តែល្អនឹងគ្នា ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ពដែលឈរជើងនៅតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងកិច្ចការពារបូរណភាពទឹកដី នាពេលនេះ។

លោក ញ៉ែម សំអឿន បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនរបស់កងទ័ពយើង។

លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងគ្រប់កងឯកភាព ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាឲ្យបានល្អ ជាមួយកងកម្លាំងជាមួយបណ្តាប្រទេសជាមិត្ត និងត្រូវក្តាប់ឲ្យបានសភាពការណ៍ នៅតាមបណ្តោយព្រំដែន ដែលខ្លួនកំពុងឈរជើងការពារ។ ជាមួយគ្នានោះ ត្រូវចូលរួមទប់ស្កាត់ និងការពារធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដល់កូនចៅយើងជំនាន់ក្រោយ។

នៅក្នុងឱកាសនេះ លោកអភិបាលខេត្ត ប្រគល់គ្រឿងឧបភោគ បរិភោគ ជូនកងកម្លាំងនគរបាលទាំង៤ប៉ុស្តិ៍ និងយោធា ដូចគ្នារួមមាន៖អង្ករ៤០០គីឡូក្រាម, ស្រាបៀរគ្រុឌ៣០កេស, ទឹកសុទ្ធ២០កេស, ទឹកត្រី៨យួរ, អំបិល៤បេ, ទឹកស៊ីអ៊ីវ៨យួរ, ប្រេងឆា៤ដប, ត្រីខ ៤កេសធំ, ប្រេងសាំង២០លីត្រ, មី២០កេស និងថវិកា៤០ម៉ឺនរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here