ទេសរដ្ឋមន្ដ្រី ថោង ខុន រំពឹងកិច្ចសហការផ្លូវសូត្រអាកាស ហឺណាន-កម្ពុជា-អាស៊ាន នឹងកៀរគរអ្នករត់ម៉ារ៉ាតុង និងភ្ញៀវទេសចរកាន់តែច្រើន

0
26

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រំពឹងកិច្ចសហប្រតិបត្តិការផ្លូវសូត្រអាកាស ហឺណាន-កម្ពុជា-អាស៊ាន (Henan-Cambodia-ASEAN “Air Silk Road” Cooperation) នឹងសម្រេចបាននូវជោគជ័យ និងជំរុញកៀរគរអ្នករត់ប្រណាំង និងភ្ញៀវទេសចរពីខេត្តហឺណាន ចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុង នៅទឹកដីសៀមរាប-អង្គរ កាន់តែច្រើន។

ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី រួមជាមួយមន្ដ្រីជាន់ខ្ពស់កម្ពុជាជាច្រើន បានអញ្ជើញចូលរួមពិធីពិសារអាហារសាមគ្គីស្វាគមន៍គណៈប្រតិភូខេត្តហឺណាន ប្រទេសចិន ដែលដឹកនាំដោយលោក ស៊ុន សូវកាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ CPC និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាន ដែលគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែមេសា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្លូវសូត្រផ្លូវអាកាស ហឺណាន-កម្ពុជា-អាស៊ាន (ផ្លូវសូត្រអាស៊ាន) ក្រោមការរៀបចំរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។

លោកបណ្ឌិត ថោង ខុន បានថ្លែងថា ចំណងមិត្តភាពកម្ពុជា មានភាពស្អិតល្មួតជាយូរលង់ណាស់មកហើយ ខណៈទំនាក់ទំនងប្រជាជន និងប្រជាជន រវាងខេត្តហឺណាន និងប្រទេសកម្ពុជា ត្រូវបានគេរកឃើញតាំងពីសម័យបុរាណ ដោយតាំងពី ១សតវត្សមុនមក ហឺណាន និងកម្ពុជា មានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌យ៉ាងជិតស្និទ្ធិ។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរទស្សនកិច្ច មិត្តភាពជាច្រើនរវាងមន្ត្រីនៃកម្ពុជា និងខេត្តហឺណាន ដែលជាស្ពានពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសលើវិស័យសេវាកម្មផ្លូវអាកាស និងការផ្លាស់ប្តូរទេសចរណ៍។

លើសពីនេះរដ្ឋាភិបាលទាំងពីរ ក៏បានសម្ពោធជាផ្លូវការនូវការបើកជើងហោះហើរត្រង់ពីខេត្តសៀមរាប និងភ្នំពេញ ទៅកាន់ទីក្រុងចេងចូវ ខេត្តហឺណាន ហើយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ការហោះហើរត្រង់រវាងទីក្រុងចេងចូវ និងទីក្រុងភ្នំពេញ បានដំណើរការឡើងវិញជាលើកដំបូង បន្ទាប់ពីបានផ្អាកដំណើរការក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ គំនិតផ្តួចផ្តើមនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការបន្តឡើងវិញ នៃជើងហោះហើរត្រង់រវាងចិន និងកម្ពុជា។

ដូច្នេះលោកទេសរដ្ឋមន្ដ្រី បានបង្ហាញសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការផ្លូវសូត្រអាកាស ហឺណាន-កម្ពុជា-អាស៊ាន ដែលជាគម្រោងដ៏ធំទទួលបានការគាំទ្រ ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយលោកសង្ឃឹមជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត។

ជាពិសេស បន្ទាប់ពីការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដែលនឹងបានផ្តល់នូវភាពងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិក្នុងការធ្វើដំណើរតាមជើងហោះហើរត្រង់ផ្លូវឆ្ងាយ ដោយប្រើប្រាស់ប្រភេទយន្តហោះយក្សមកកាន់គោលដៅទេសចរណ៍បេតិកភណ្ឌដ៏ល្បីល្បាញមួយនេះ។ លោករំពឹងថា នឹងមានជើងហោះហើរត្រង់កាន់តែច្រើនបន្ថែមទៀតពីខេត្តហឺណាន និងកំណើនភ្ញៀវទេសចរចិនមកកាន់សៀមរាប-អង្គរកាន់តែច្រើនក្នុងពេលឆាប់ៗខាងមុខ។

លោកបន្ថែមថា «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង នៅមុខប្រាសាទអង្គរវត្ត រួមមាន “ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ” នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ពិសេសព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំប្រចាំឆ្នាំគឺ “ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ដោយរំពឹងថានឹងមានអត្តពលិកជាតិ-អន្តរជាតិចូលរួមរត់ប្រមាណ ១៣,០០០នាក់ មកពីជុំវិញពិភពលោក។ យើងខ្ញុំសង្ឃឹមថា ឯកឧត្តម ស៊ុន សូវកាង នឹងចូលរួមជំរុញកៀរគរអ្នករត់ប្រណាំង និងភ្ញៀវទេសចរមកពីចេងចូវមកសៀមរាប-អង្គរកាន់តែច្រើន»។

ឆ្លៀតឱកាសនោះ តាងនាមគណៈកម្មការគ្រប់គ្រង និងការអភិវឌ្ឍន៍តំបន់សៀមរាប-អង្គរ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋបាលប្រជាជនខេត្តហឺណាន ដែលបានសហការជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប និងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា រៀបចំនូវ “ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធីសម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ” នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ និងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនសៅលីញចិន ដែលជាក្បាច់គុនបុរាណដ៏ល្បីល្បាញមានដើមកំណើត នៅខេត្តហឺណាន ផងដែរ។

ជាចុងក្រោយលោកបណ្ឌិត ថោង ខុន សង្ឃឹមថា លោក ស៊ុន សូវកាង នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-ហឺណាន លើវិស័យទេសចរណ៍ វប្បធម៌ និងកីឡា ក៏ដូចជាជូនពរឲ្យដំណើរទស្សនកិច្ចគណៈប្រតិភូខេត្តហឺណានខាងលើ ទទួលបាននូវផ្លែផ្កា ពិសេសគម្រោងកិច្ចសហប្រតិបត្តិការផ្លូវសូត្រអាកាស ហឺណាន-កម្ពុជា-អាស៊ាន ទទួលបានជោគជ័យត្រចេះត្រចង់បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here