ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចាត់ទុុកការដាក់ពាក្យប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ ដល់៦ម៉ឺននាក់ បង្ហាញពីភាពជឿទុកចិត្តមកលើប្រព័ន្ធ នៃការប្រឡងប្រជែង

0
38

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិភាក្សាលើការពិនិត្យវឌ្ឍនភាពការងារនៃដំណើរការការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបានរាយការណ៍អំពីចំនួនបេក្ខជនដែលត្រូវបានអនុញ្ញាតចំនួន ៣៣,៣១៤នាក់។

តាមរយៈកិច្ចប្រជុំនេះ​ គណៈកម្មការបានកំណត់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យដំណាក់កាលទី១ សម្រាប់ជ្រើសសម្រាំង ត្រូវប្រើប្រាស់រយៈពេល ៤ថ្ងៃ និងមណ្ឌលប្រឡងចំនួន៣ ដើម្បីសម្របខ្លួនទៅតាមបេក្ខជនដែលមានចំនួនច្រើន។

ថ្លែងក្នុងឱកាសនោះ មឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការការប្រឡងប្រជែង បានយល់ឃើញថា «ចំនួនដាក់ពាក្យដ៏ច្រើនលើសលប់ បានការឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមនិយាមដែលបានដាក់ចេញ»។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា លទ្ធផលនៃការជឿទុកចិត្តនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ ជាពិសេសសមាជិក សមាជិកា នៅក្នុងគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង។

ទោះបីជាយ៉ាងណាក្តី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឲ្យចូលបម្រើក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ត្រូវអនុលោមនិយាយនីតិវិធីប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការ និងឈរលើគោលការណ៍គុណាធិតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ស្របតាមគោលការណ៍ដឹកនាំ តម្រង់ទិសដ៏មោះមុតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ ក្នុងន័យនេះ វប្បធម៌ ឬផ្នត់គំនិតអន្តរាគមន៍ត្រូវជំនួសដោយវប្បធម៌ទទួលខុសត្រូវជាបុគ្គល។

ជុំវិញការរៀបចំចំនួនបេក្ខជនដ៏ច្រើននេះ​ គណៈកម្មការរៀបចំការប្រឡងប្រជែងបានកំណត់ក្នុងកិច្ចប្រជុំនារសៀលនេះថា ការប្រឡងលើវិញ្ញាសារសរសេរលើកទី១ (ដើម្បីសម្រាំងបេក្ខជន) នឹងត្រូវប្រព្រឹត្តទៅរយៈពេល៤ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ តាមផែនមុខវិជ្ជាឯកទេសផ្សេងៗគ្នា និងនៅមណ្ឌលប្រឡងផ្សេងៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here