ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ បេសកកម្មរបស់ក្រសួងគឺពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីដែលយើងមានស្រាប់ ដើម្បីឆ្លើយតបនឹងតម្រូវការនៃកំណើនគម្រោងអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ច

0
24

 (កណ្តាល)៖លើកឡើងនាឱកាសដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា បុគ្គលិកបណ្តែត និងនិវត្តជន នៃមន្ទីរស.ក.ដ កណ្តាល មុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា បេសកកម្មរបស់ក្រសួងគឺពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីដែលមានស្រាប់ ដើម្បីឆ្លើយតបនឹងតម្រូវការនៃកំណើនគម្រោងអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ច។

នៅក្នុងពិធីនេះបានធ្វើឡើងនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមផងដែរពីសំណាក់លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងដោយមានការចូលរួមពីមន្ត្រីនៃមន្ទីសាធារណការ និងដឹកជញ្ជូន ជាច្រើនរូបផងដែរ។

នាឱកាសនោះឯកឧត្តម ប៉េង ពោធិ៍នា ក៏បានជម្រាបដល់អង្គពិធីអំពីសមិទ្ធផលធំៗ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបានក្នុងអាណត្តិមុនៗ ជាពិសេសក្នុងអាណត្តិទី៦កន្លងទៅ និងបានលើកឡើងអំពីយន្តការកែទម្រង់មួយចំនួនដែលក្រសួងបានដាក់ចេញ ដែលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមជំរុញចក្ខុវិស័យឆ្នាំ២០៥០ ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់។

បន្ថែមពីលើការផ្តល់អនុសាសន៍ល្អៗ ដើម្បីជាការណែនាំដល់មន្រ្តីរាជការ និងបុគ្គលិក សម្រាប់យកទៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាពឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឱ្យមន្ទីរ យកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មាន និងបញ្ជ្រាបការយល់ដឹងជុំវិញវិស័យសាធារណការ និងដឹកជញ្ជូនឱ្យបានរហ័ស គ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជារួមគ្នាលុបបំបាត់នូវព័ត៌មានមិនមានប្រភពច្បាស់លាស់ ពិសេសការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន ដែលហួសពីការពិត។

ក្នុងឱកាសនេះលោករដ្ឋមន្ត្រី ក្នុងនាមក្រសួងក៏បាននាំយកនូវ សម្ភារ-បរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ ១០០មួក ស្ទីកគឺរចំណាំងផ្លាត ៥ ០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ២០០បាវ ប្រគល់ជូនឱ្យមន្ទីរសម្រាប់ប្រើប្រាស់លើការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា បុគ្គលិកបណ្តែត និងនិវត្តជននៃមន្ទីរស.ក.ដ ខេត្តកណ្តាល ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here