ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្សព្វផ្សាយប្រកាសបទវិន័យនគរបាលជាតិកម្ពុជា ដែលជំនួសវិន័យនគរបាលជាតិលេខ០០៦

0
19

 

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា លេខ៨៧៣ ដែលទើបត្រូវបានប្រកាសឲ្យប្រើកាលពីពេលកន្លងទៅថ្មីៗនេះ របស់កងកម្លាំងនគរបាលជាតិកម្ពុជា។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋាន ធនធានមនុស្ស បានធ្វើបទបង្ហាញអំពីខ្លឹមសាររួម នៃប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ដើម្បីគោរពជូនលោកអភិសន្តិបណ្ឌិត ស សុខា និងផ្សព្វផ្សាយជូនអង្គពិធីទាំងមូលជ្រាបផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ ជាពិសេស អគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានផ្តួចផ្តើមគំនិត ដោយសហការជាមួយអង្គភាព ពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំប្រកាសនេះឡើង ក្នុងគោលបំណងលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ឧត្តមភាព កិត្យានុភាព ជំនឿទុកចិត្ត ព្រមទាំងណែនាំតម្រង់ទិសដល់មន្ត្រីនគរបាលជាតិឲ្យប្រព្រឹត្តអំពើល្អ ត្រឹមត្រូវ ក្នុងការ បំពេញភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបន្ថែមថា ក្រសួងមហាផ្ទៃ បានចេញប្រកាសនេះ ដើម្បីជំនួសបទវិន័យនគរបាលជាតិលេខ០០៦ ដែលបានបង្កើតឡើង រហូតមកដល់ពេលនេះ មានរយៈពេលជាង២៨ឆ្នាំមកហើយ។

ម៉្យាងទៀត ការចេញប្រកាសដ៏មានសារៈសំខាន់នេះ គឺជាសក្ខីភាពបង្ហាញអំពីការធ្វើកំណែទម្រង់ផ្នែកកងកម្លាំង នគរបាលជាតិរបស់ក្រសួងមហាផ្ទៃបន្ថែមទៀត ដោយបានកំណត់នូវបទប្បញ្ញត្តិនិងវិធានថ្មីៗ ដើម្បីឆ្លើយតប ទៅនឹងការវិវឌ្ឍរបស់សង្គមជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិសន្ដិបណ្ឌិត ស សុខា បានណែនាំ និងផ្ដាំផ្ញើដល់អង្គភាពពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖

*ទី១៖ អង្គភាពនីមួយៗ ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសនេះបន្តដល់មន្ត្រីនគរបាលក្រោមឱវាទ និងជំរុញការអនុវត្តតាមប្រកាសនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់

*ទី២៖ បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបញ្ចូលប្រកាសនេះទៅក្នុងកម្មវិធីសិក្សា សម្រាប់វគ្គបណ្តុះបណ្តាលគ្រប់កម្រិត

*ទី៣៖ អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវរៀបចំកិច្ចប្រជុំតាមដានការអនុវត្តប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជារៀងរាល់៣ខែម្តង ឲ្យបានទៀងទាត់

*ទី៤៖ អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីផលិតវីដេអូឃ្លីបផ្សព្វផ្សាយ ស្តីពីការពង្រឹងវិន័យ ការស្លៀកពាក់ឯកសណ្ឋាន និងការគោរពគំនាប់របស់កងកម្លាំងនគរបាលជាតិ។

សូមជម្រាបថា ប្រកាសស្ដីពីបទវិន័យនគរបាលជាតិកម្ពុជា ត្រូវបានចុះហត្ថលេខាដាក់ឲ្យអនុវត្តពីសំណាក់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលមានចំនួន៧ជំពូក និង៣៥ប្រការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here