សម្ដេចក្រឡាហោម ស ខេង ណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ និងអាជ្ញាធរសមត្ថកិច្ច ទូទាំងខេត្តបាត់ដំបង យកចិត្តទុកដាក់បំពេញការងារ ពាក់ព័ន្ធការបោះឆ្នោត រួមទាំងការរក្សាការពារសន្តិសុខ

0
12

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបាត់ដំបង នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តបាត់ដំបង មណ្ឌលភូមិភាគទី៤ និងលើកទិសដៅអនុវត្តផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅមហោស្រពសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


បន្ទាប់ពីលោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានមានមតិស្វាគមន៍ និងរបាយការណ៍ ស្តីពីការបូកសរុបលទ្ធផល នៃការអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងលើកទិសដៅអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុកអាណត្តិទី៤ឆ្នាំ២០២៤ រួចមក អញ្ជើញមានប្រសាសន៍ ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសម្តែងនូវការគោរព កោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះអស់លោក លោកស្រីសមាជិក ព្រឹទ្ធសភា សមាជិករដ្ឋសភា លោក លោកស្រី អស់លោកជាថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ នៃខេត្តបាត់ដំបង និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងមុខតំណែងដែលជាអង្គបោះឆ្នោត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់នៃគណបក្សខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងាររួមគ្នាយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជុំវិញការដឹកនាំ របស់គណបក្ស ពុះពារចូលរួមដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជាយើង ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។

ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង សម្តេចក្រឡាហោម បានឯកភាពនិងគាំទ្រចំពោះរបាយការណ៍ បូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានឆ្លុះបញ្ចាំងអំពីសកម្មភាព និងបទពិសោធន៍ដែលក្រុមការងារ និងគណបក្សខេត្តទទួលបានក្នុងដំណើរការរៀបចំការបោះឆ្នោតដ៏មានសារសំខាន់នេះ។

យោងតាមការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រសរុបគ្រប់មណ្ឌលបោះឆ្នោតតាមភូមិភាគទាំង ៨ ចំនួន ១០,០៥២ នៃសំឡេងឆ្នោតបានការសរុបចំនួន ១១,៦៩៩ ស្នើនឹង ៨៥,៩% ដោយដណ្តើមបានអាសនៈក្នុងព្រឹទ្ធសភាចំនួន ៥៥ អាសនៈ លើអាសនៈសរុបដែលត្រូវបោះឆ្នោតតាមមណ្ឌលភូមិភាគទាំង៨ ចំនួន ៥៨ អាសនៈ។

ក្នុងនោះខេត្តបាត់ដំបង គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៧០៦ សំឡេង គឺកើនលើសអង្គបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាមានចំនួន ២២ សំឡេង ចូលរួមធ្វើ ឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈព្រឹទ្ធសភាក្នុងមណ្ឌលភូមិភាគទី៤ ចំនួន ៩ អាសនៈ កើនលើសចំនួនអាសនៈកំណត់ដោយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន១អាសនៈ។

សម្តេចបានបន្តថា ជោគជ័យដ៏ធំធេងរបស់គណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ បានបង្កលក្ខណសម្បត្តិយ៉ាងរឹងមាំសម្រាប់គណបក្សយើង បន្តគ្រប់គ្រងព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលដ៏មានសារសំខាន់របស់ជាតិ ។

សម្តេចបានបន្ថែមថា ជោគជ័យរបស់គណបក្សក្នុងការបោះឆ្នោត ដោយសេរីតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងការបោះឆ្នោតដោយផ្ទាល់ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២, ការបោះឆ្នោតដោយផ្ទាល់ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងការបោះឆ្នោតអសកល ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គឺជាមូលដ្ឋាននយោបាយដ៏រឹងមាំ សម្រាប់គណបក្សយើងសម្រេចបានជោគជ័យជាបន្តទៀត ក្នុងការបោះឆ្នោតអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

សម្តេចបានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ ជាបន្តបន្ទាប់ក្នុងដំណើរការ បោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកល ទាំងការបោះឆ្នោតនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិចំនួន១៩ការបោះឆ្នោតរួចមកហើយ។

សម្តេចបានគូសបញ្ជាក់ថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ប្រទេសយើងនឹងចាត់ចែង រៀបចំធ្វើការបោះឆ្នោតអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ដែលជាគោលនយោបាយកំណែទម្រង់ផ្តួចផ្តើម ដោយគណបក្សប្រជាជនកម្ពុជា ឲ្យបន្តបោះជំហានទៅមុខសំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាពរយៈពេលវែង។

សម្តេច បានណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ទូទាំងខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់បំពេញការងារ ពាក់ព័ន្ធការបោះឆ្នោត រួមទាំងការរក្សាការពារសន្តិសុខ បោះឆ្នោតស្របតាមច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោតតម្រូវ។ សម្តេច បានយកឱកាសនេះ គូសបញ្ជាក់ឡើងវិញជូន លោក លោកស្រី អស់លោកជ្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតដ៏មានសារសំខាន់ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ឲ្យបន្តអភិវឌ្ឍរីក ចម្រើនសម្រាប់ចូលរួមពង្រឹងសន្តិភាពស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ។

ទន្ទឹមនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាការធានាជំរុញដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោម ជាតិតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលនយោបាយ និងកម្មវិធីកំណែទម្រង់ផ្តួចផ្តើមឡើងដោយគណបក្សប្រជាជនកម្ពុជា ឲ្យបន្តបោះជំហានទៅមុខប្រកបដោយចីរភាព សំដៅចូលរួមលើកកម្ពស់ការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូបក្នុងសង្គម។

សម្តេចបានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា បានកំណត់ក្នុងកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោតនៅថ្នាក់ជាតិ និងការបោះឆ្នោត នៅថ្នាក់ក្រោមជាតិ អំពីការប្តេជ្ញាចិត្ត ខាងនយោបាយយ៉ាងមុតមាំ របស់គណបក្ស ក្នុងការបន្តជំរុញដំណើរការ កំណែទម្រង់នេះ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យក្លាយជារដ្ឋបាលប្រកបដោយស

ក្តានុពល សំដៅចូលរួមសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ សម្រាប់ជាមូលដ្ឋានឈានឆ្ពោះ ទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់។

ផ្អែកលើការប្តេជ្ញាចិត្តខាងនយោបាយ ដ៏មុតមាំរបស់គណបក្ស រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បានធ្វើការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាច កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាល ក្នុងការផ្តល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការបំពេញការងារ ការផ្តល់សេវា និងការអភិវឌ្ឍនៅមូលដ្ឋាន។

រដ្ឋបាលក្រុង ស្រុក ក៏ជាថ្នាក់រដ្ឋបាលដែលមានតួនាទីផ្តល់ការគាំទ្រ និងការសម្របសម្រួលជាមួយរដ្ឋបាលឃុំ សង្កាត់សម្រាប់លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍទាំងនៅថ្នាក់ក្រុង ស្រុក និងនៅតាម ឃុំ សង្កាត់ នានាផងដែរ។ ហេតុនេះ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ បានរៀបចំប្រព័ន្ធទំនាក់ទំនងផ្សារភ្ជាប់គ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរការបំពេញការងាររបស់ខ្លួន។

គណបក្សប្រជាជនកម្ពុជា បានធ្វើការប្តេជ្ញាចិត្តខាងនយោបាយ ពុះពារដណ្តើម ជោគជ័យឲ្យបានដាច់ខាត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគ្រប់ថ្នាក់នៅ ថ្នាក់ក្រោមជាតិទាំងមូល ដើម្បីធានាដល់ការពង្រឹងរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យក្លាយជារដ្ឋបាលតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការដ៏រឹងមាំ និងប្រកបដោយសក្តានុពល ដើម្បីចូលរួមលើកកម្ពស់ការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបសំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់និន្នាការនយោបាយ។

លើមូលដ្ឋាននេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចបានអំពាវនាវដល់អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សបន្តគ្រប់គ្រងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ទូទាំង ខេត្តព្រៃវែងជាបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here