រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវឱ្យកាត់បន្ថយពិសាភេសជ្ជៈផ្អែម ឬប៉ូវកម្លាំង ដែលបង្កហានិភ័យផ្សេងៗដល់អាយុជីវិត

0
16

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងកុមារ រហូតដល់វ័យចំណាស់​ អំពីការទទួលទាននូវភេសជ្ជៈផ្អែមប៉ូវកម្លាំង សូមមេត្ដាកាត់បន្ថយ និងឈានទៅដល់ការឈប់បរិភោគ ព្រោះក្នុងរយៈពេលមិនចំពោះមុខ តែក៏មិនយូរប៉ុន្មាននឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។ កាលណាប៉ះពាល់ដល់សុខភាព ដល់រាងកាយទាំងមូល នោះជំងឺទឹកនោមផ្អែមប្រភេទទី២ នឹងកើតមានឡើង។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងបន្ដថា «កាលណាមានជំងឺទឹកនោមផ្អែម គឺមានជំងឺផ្សេងៗទៀតជាច្រើនមកជាមួយ នោះគឺ៖ ជំងឺលើសឈាម ជំងឺស្ទះសរសៃឈាមបេះដូង ដែលអាចឱ្យមានគ្រោះថ្នាក់ ដល់អាយុក្នុងពេលបន្ទាន់ និងស្ទះសរសៃឈាមខួរក្បាល ដែលអាចឱ្យស្លាប់មួយចំហៀងខ្លួន ពិការភាព និងមានហានិភ័យផ្សេងៗទៀត ពាក់ព័ន្ធនឹងផលវិបាកនេះ។ ដូច្នេះសូមមេត្ដាកាត់បន្ថយ និងជៀសវាងពិសាភេសជ្ជៈផ្អែម ប៉ូវកម្លាំង ដែលរំខានដល់សុខភាពយើង»។

ថ្លែងក្នុងសន្និសីទសារព័ត៌ នៅថ្ងៃបើកសន្និបាតសុខាភិបាលលើកទី៤៣ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានគូសរម្លឹកពីការកាត់បន្ថយនូវការបរិភោគគ្រឿងស្រវឹងផងដែរ ព្រោះគ្រឿងស្រវឹង អាចបណ្ដាលឱ្យលើសជាតិខ្លាញ់នៅក្នុងខ្លួន អាចធ្វើឱ្យស្ទះសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល​ ដូចនឹងការបរិភោគភេសជ្ជៈផ្អែមដែរ។ ដូចនេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី សូមឱ្យប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពជារៀងរាល់ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃនេះតទៅ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានលើកឡើងពីការបរិភោគចំណីអាហារ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវស្វែងយល់ពីចំណីអាហារ ដែលមិនសូវមានភាពជាតិផ្អែម ខ្លាញ់ និងជាតិប្រៃ ដូច្នេះតិចអំបិល តិចខ្លាញ់ តិចស្ករ ធ្វើឱ្យយើងមានសុខភាពល្អ។

ក្នុងឱកាសនោះលោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានស្នើលើកទឹកចិត្ដដល់ប្រជាពលរដ្ឋទាំងអស់ សូមធ្វើលំហាត់ប្រាណ ឱ្យបានគ្រប់ៗគ្នា មិនថាវ័យកុមារ ឬវ័យចាស់នោះទេ ដើម្បីទទួលបានសុខភាពទាំងអស់គ្នា, សុខភាពល្អ គឺផ្ដើមចេញពីខ្លួនយើងទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here