ឧត្តមសេនីយ៍ទោ សោម ស៊ុន.ប្រជុំផ្សព្វផ្សាយ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមស្តីពីតំបន់ត្រីកោណអភិវឌ្ឍ និងវិធានការណ៍ប្រឆាំងក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់
(កំពង់ធំ)÷នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នឹងមេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ ដើម្បីផ្សព្វផ្សាយសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាការគ្រប់គ្រងរបស់ប្រទេសនីមួយៗ ដើម្បីពន្លឿនដល់ការអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង និងប្រឆាំងក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ និងបានប្រគល់ភារកិច្ចចាំបាច់មួយចំនួន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងទៅថ្មីៗនេះ មានក្រុមជ្រុលនិយមមួយចំនួន បានខិតខំឃោសនាបំផុសបំផុលញុះញង់ បំភ្លៃការពិត ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម ថាជាការប្រគល់ដីឲ្យទៅប្រទេសជិតខាង ទោះបីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធនានាបានពន្យល់ការពិតយ៉ាងណាក្តី ក៏ពួកគេនៅតែមានគោលបំណងក្នុងការញុះញង់ចលនាបះបោរ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាជនគាំទ្រយ៉ាងច្រើនលើសលប់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងយោធិនគ្រប់រូប ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឲ្យបានរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ នឹងត្រូវត្រៀមខ្លួន ព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីកំចាត់ចោលជនទាំងឡាយណា ដែលមានគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនប្រជាធិបតេយ្យ ទោះបីក្នុងតម្លៃណាក៏ដោយ ។
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការ គ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្រកាសគាំទ្រយ៉ាងពេញទំហុឹងនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងបានប្ដេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។