
កំពង់ធំ៖ ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និង ជានាយករងខុទ្ទកាល័យ សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គម្រោងលក់ដីឡូត៍ សម្រាប់លំនៅដ្ឋាន ផ្ទះល្វែង វីឡា បុរី ក្នុងគម្រោងវិនិយោគទាំងនេះពិតជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីក្រុង ដែលធ្វើឲ្យទីក្រុងមានហត្ថារចនាសម្ព័ន្ធកាន់តែប្រសើរបន្ថែមទៀត ដូចជាផ្លូវដែលមានស្តង់ដារ សាលារៀន សួនបៃតង កន្លែងក្មេងលេង កន្លែងកីឡាហាត់ប្រាណ អាងហែលទឹក អាគារពាណិជ្ជកម្ម ភោជនីយដ្ឋាន ផ្សារទំនើបផ្សារសហគមន៍ ផាប់ស្រីត ហ្វូតស្រីត ជាដើម។
ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកម្មវិធីបើកលក់គម្រោងបុរី សុខសាន្ត888 ជាផ្លូវការ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅផ្លូវវាងក្រុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អភិបាលក្រុង ប្រធានមន្ទីរនានាជុំវិញខេត្ត កងកំលាំងទាំងបី អតិធិជន លោកយាយលោកតានិង សិស្សានុសិស្សចូលរួមច្រើនកុះករ។
ឯកឧត្តមបានមានប្រសាសន៍ លើកឡើងថា ដើម្បីអោយអតិថិជនមានការជឿជាក់ សូមម្ចាស់គម្រោងទាំងអស់ត្រូវគោរពច្បាប់ និង ធ្វើតាមគំនូរប្លង់គម្រោង ឲ្យបាន១០០% ដូចជាសំណង់ត្រូវមានភាពរឹងមាំ គុណភាពល្អ ផ្លូវថ្នល់ធំទូលាយ គិតគូរប្រព័ន្ធលូ និង ប្រព័ន្ធអគ្គិសនី។ល។ ជាពិសេសម្ចាស់គម្រោងទាំងអស់ត្រូវចេញលិខិតប័ណ្ណ(ប្លង់រឹង) ដោយស្របច្បាប់ជូនដល់អតិថិជន ឬប្រជាពលរដ្ឋ ដែលមកជាវ និង ទិញគម្រោងធ្វើយ៉ាងណាបង្កលក្ខណៈឱ្យពួកគាត់មានភាពងាយស្រួល។
ទន្ទឹមនោះដែរឯកឧត្តម សេង ទៀងបានលើកឡើងគាំទ្រ អភិបាលក្រុងស្ទឹងសែន
លោក ម៉ាក់ ប៊ុនហុង ដែលបានថ្លែងថា នៅពេលខាងមុខ រដ្ឋបាលក្រុងស្ទឹងសែន មានផែនការកំណត់យកសេនារីយ៉ូសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចទីក្រុងចំនួន ៥ដែលអាចមានកំណើនសេដ្ឋកិច្ចខ្ពស់៖
១/មជ្ឈមណ្ឌលស្នូល(កណ្តាលក្រុង) ៖រដ្ឋបាល និង អភិបាលកិច្ច មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលដឹកជញ្ជូនចម្បង។ ២/មជ្ឈមណ្ឌលរណបខាងជើង៖ រដ្ឋបាល មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថាប័ន មជ្ឈមណ្ឌលដឹកជញ្ជូនរង។៣/មជ្ឈមណ្ឌលរណបខាងត្បូង៖ តំបន់តាំងទីលំនៅ ការអភិវឌ្ឍន៍ចម្រុះ។ ៤/មជ្ឈមណ្ឌលជនបទខាងត្បូង៖ តំបន់តាំងទីលំនៅតម្លៃសមរម្យ មជ្ឈមណ្ឌលកសិ-កម្មពាណិជ្ជកម្ម។ ៥/មជ្ឈមណ្ឌលជនបទខាងលិច៖ តំបន់តាំងទីលំនៅតម្លៃសមរម្យ មជ្ឈមណ្ឌលកសិ-ពាណិជ្ជកម្ម។
ជាមួយគ្នានេះ ឯកឧត្តម សេង ទៀងបានជំរុញដល់អាជ្ញាធរ មានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមកិច្ចសហការអោយបានល្អ ក្នុងដំណើរការការអភិវឌ្ឍន៍ក្រុងខាងលើនេះ ដើម្បីសង្គមជាតិកាន់តែ ជឿនលឿនរីកចម្រើន។
៌