
(កំពង់ធំ): រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» ត្រូវបានក្រុមការងារចុះមកថតខ្សែភាពយន្ត នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី អមដំណើរដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ។
ឆ្លៀតនៅក្នុងឪកាសនោះ ឯកឧត្តម ងួន រតនៈ បានលើកឡើងថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី ជារឿងនិទានបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ។
ម្យ៉ាងទៀតដោយសារដំណើររឿងនៃខ្សែភាពយន្តមានលក្ខណៈប្រវត្តិសាស្ត្រកម្រិតថ្នាក់ជាតិ ជាប្រវត្តិនៃខ្សែជីវិតជាក់ស្តែងរបស់សម្តេចតេជោផងនោះ ទើបសម្តេចសម្រេចឲ្យបង្កើត គណៈកម្មការផលិតខ្សែភាពយន្តនេះឡើង។ ទោះជាខ្សែភាពយន្តនេះផលិតដោយក្រុមហ៊ុនឯកជន ប៉ុន្តែគណៈកម្មការមានភារកិច្ចដឹកនាំត្រួតពិនិត្យខ្លឹមសារ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្តែង។ សមាសភាពគណៈកម្មការទាំងអស់សុទ្ធតែជាអ្នកមានជំនាញពិតប្រាកដក្នុងការផលិតខ្សែភាពយន្ត ដែលទទួលបាននូវជំនឿទុកចិត្តពីសម្តេចតេជោ ជាម្ចាស់ដើមនៃប្រវត្តិសាច់រឿង។
ចុងក្រោយឯកឧត្តម ងួន រតនៈ បានលើកទឹកចិត្ត និងជូនពរដល់ក្រុមការងារផលិតខ្សែភាពយន្តរឿងភាគ«កូនប្រុស ក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» ដំណើរការទៅដោយជោគជ័យ និងបានចាក់ផ្សាយជូនប្រជាជនទស្សនា និងទទួលបានការគាំទ្រយ៉ាងច្រើន ព្រមទាំងទទួលបាននូវការយល់ដឹងថ្មីៗទៀត អំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក្នុងសម័យកលយុគ និងដំណើរជីវិតរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលជាកលបុត្រដ៏ឆ្នើមរបស់មាតុភូមិកម្ពុជា ។( កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី គឺជាឆព្វណ្ណរង្សី ដែលចែងចាំងរស្មីជាអមតៈ )។