ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្ត ដាក់ចេញផែនការសកម្មភាពជាច្រើនទៀត ដើម្បីបន្តទិសដៅការងារនៅពេលតទៅមុខ

0
76

(កំពង់ធំ)៖ ដោយសារនៅមានបញ្ហា និងការងារនៅសេសសល់ជាច្រើនដែលត្រូវដោះស្រាយជូនប្រជាជនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្តកំពង់ធំ បានឯកភាពគ្នាដាក់ចេញផែនការសកម្មភាពជាច្រើនទៀត ដើម្បីបន្តរួមគ្នាអនុវត្តទិសដៅការងារនៅឆ្នាំ២០២២ និងពេលតទៅមុខទៀត។

ការដាក់ចេញផែនការទាំងនេះត្រូវបានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងវត្តមានឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី១នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងការចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។

នាឱកាសនោះ ឯកឧត្តម ងួន រតនៈ អនុប្រធានអចិន្ត្រៃយ៍បានលើកឡើងនូវរបាយការណ៍អំពីលទ្ធផលស្តីពីការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តកំពង់ធំ នាឆ្នាំ២០២១ ដោយបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី-ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

បន្ទាប់ពីស្ដាប់នូវរបាយការណ៍របស់លោកអភិបាលខេត្តរួចមក ឯកឧត្តមប្រធាន ថោង ខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់ៗជាច្រើនរួមមាន៖

* អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពនានារបស់ក្រុមប្រឆាំងជ្រុលនិយមដែលប្រឌិតបំផុសបំផុលញុះញង់ ប៉ុនប៉ងបង្កឲ្យមានភាពចលាចលវឹកវក្នុងសង្គម។

* បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរគ្រប់មូលដ្ឋាន ជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» ដើម្បីបង្ការទប់ស្កាត់ បង្រ្កាបសកម្មភាពលួចឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ក្រុមក្មេងទំនើងគ្រប់មូលដ្ឋានទូទាំងខេត្ត។

* រួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមមូលដ្ឋាននីមួយៗឲ្យបានជាប់ជាប្រចាំនិងមានប្រសិទ្ធភាពខ្ពស់។

* នគរបាលក្រុង-ស្រុក ឃុំ-សង្កាត់ត្រូវបង្កើនការចុះជួយដោះស្រាយបញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

* គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ត្រូវពង្រឹងរបៀបរបបការងារដើម្បីរៀបចំផែនការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុវត្ថិភាពសង្គមនៅគ្រប់មូលដ្ឋានទូទាំងខេត្តប្រកបដោយប្រសិទ្ធភាព។

* អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងនិងចាត់វិធានការអនុវត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សំដៅការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងធនធានរបស់សង្គម ដោយត្រូវពង្រឹងឡើងវិញនូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់ និងជាប់ជាប្រចាំ ដោយត្រូវចាត់វិធានការផ្សព្វផ្សាយអប់រំ វិធានការរដ្ឋបាល វិធានការច្បាប់ឲ្យបានហ្មត់ចត់ចំពោះអ្នកដែលបំពានច្បាប់។

* បង្កើនការស្រាវជ្រាវ និងបង្រ្កាបគ្រឿងញៀនខុសច្បាប់ឲ្យស្របតាមការវិវត្តិប្រែប្រួល និងកាន់តែស្មុគស្មាញនៃបច្ចេកវិទ្យាផលិត និងសកម្មភាពការជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។ បង្កើនការគ្រប់គ្រងមុខសញ្ញាជួញដូរ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន សំដៅគ្រប់គ្រង និងកាត់ផ្តាច់ចរន្តនៃការជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ បង្កើនការអប់រំប្រជាពលរដ្ឋគ្រប់ៗរូបឲ្យយល់ដឹង និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ទាំងបុគ្គលម្នាក់ៗ ទាំងក្នុងក្រុមគ្រួសារនីមួយៗ និងនៅតាមសហគមន៍នានាក្នុងមូលដ្ឋាន ព្រមទាំងចូលរួមឲ្យបានកាន់តែសកម្មជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ឲ្យបានជាប់ជាប្រចាំ។

* ត្រូវបន្តពង្រឹង និងលើកកម្ពស់កិច្ចសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចនានា ដើម្បីគ្រប់គ្រងការនាំចូល ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីមួយចំនួនដែលអាចយកទៅកែច្នៃទៅជាសារធាតុញៀន ដើម្បីកុំឲ្យសារធាតុគីមីទាំងនោះធ្លាក់ក្នុងដៃឧក្រិដ្ឋជនគ្រឿងញៀនយកទៅចែកចាយនិងប្រើប្រាស់។

* រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តចូលរួមរៀបចំផែនការសកម្មភាព និងថវិកា ដើម្បីអនុវត្តកំណែទម្រង់នេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនោះរដ្ឋបាលខេត្តត្រូវពង្រឹង និងជំរុញដល់រដ្ឋបាលក្រុង ស្រុក អនុវត្តនូវមុខងារ និងរចនាសម្ពន្ធគ្រប់គ្រង ដែលបានផ្ទេរឲ្យមានប្រសិទ្ធភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

* រដ្ឋបាលខេត្តកំពង់ធំត្រូវបន្តពង្រឹងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារដែលបានផ្ទេររួចហើយពីថ្នាក់ជាតិប្រកបដោយភាពម្ចាស់ការ និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងមានភាពច្នៃប្រឌិតដើម្បីធានាអនុវត្តឲ្យសម្រេចបាននូវមុខងារទាំងនេះស្របតាមស្តង់ដាអប្បរមានៃការផ្តល់សេវា និងគោលនយោបាយទៅតាមវិស័យនីមួយៗ។ ទន្ទឹមនេះ រដ្ឋបាលខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាពនានានៅថ្នាក់ខេត្ត ត្រូវបង្កើនការគាំទ្រ និងផ្តល់នូវកិច្ចសហការដល់រដ្ឋបាលឃុំ-សង្កាត់ក្នុងការជំរុញកិច្ចអភិវឌ្ឍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈម សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ និងធានាកិច្ចការពារ គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ រហូតដល់មានក្រុមប្រឹក្សាថ្មីដែលកើតចេញពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ប្រកាសចូលកាន់តំណែងជាផ្លូវការ។

* ដើម្បីធានាដល់ការអភិវឌ្ឍខេត្តកំពង់ធំប្រកបដោយសោភ័ណភាព មានរបៀបរៀបរយល្អ និងមាននិរន្តរភាព រដ្ឋបាលខេត្តកំពង់ធំត្រូវខិតខំបន្តពង្រឹងការគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទឲ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស និងអនុវត្តឲ្យបានម៉ឺងម៉ាត់។ ត្រូវបន្តខិតខំលុបបំបាត់នូវសំណង់គ្មានច្បាប់អនុញ្ញាត និងសំណង់ទាំងឡាយដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព សណ្តាប់ធ្នាប់រៀបរយសាធារណៈ និងបរិស្ថានក្នុងទីក្រុង និងទីប្រជុំជន។

* ដើម្បីឲ្យខេត្តកំពង់ធំមានសោភ័ណភាពល្អ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានស្អាត ក្លាយជាទីក្រុងបៃតងដែលជាទីកន្លែងផ្តល់នូវសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ រដ្ឋបាលខេត្តកំពង់ធំចាំបាច់បន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាសំរាម កាកសំណល់រឹង សំណល់រាវ និងការសម្អាតទីក្រុងដែលជាបញ្ហាប្រឈមយ៉ាងសំខាន់ ដែលទាមទារឲ្យមានការសិក្សា និងដាក់ចេញនូវវិធានការ និងយុទ្ធសាស្រ្តឲ្យបានច្បាស់លាស់ សម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដើម្បីឆ្លើយតបជាមួយកំណើនប្រជាពលរដ្ឋ និងការរីកចម្រើនផ្នែកនគររូបនីយកម្មដែលមានការកើនឡើងយ៉ាងឆាប់រហ័ស។

* ត្រូវដាក់ចេញនូវវិធានការដោះស្រាយអំពីប្រព័ន្ធប្រមូល ការគ្រប់គ្រងទុកដាក់សំរាម សំណល់រឹង សំណល់រាវគ្រប់ប្រភេទទៅតាមលក្ខណៈបច្ចេកទេស ដើម្បីបញ្ចៀសនូវផលប៉ះពាល់មកលើបរិស្ថាន និងសុខភាពសាធារណៈ។ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចុះធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការវេចខ្ចប់ទុកដាក់សំរាម និងការផាកពិន័យ ជាពិសេសត្រូវណែនាំដល់ក្រុមហ៊ុនប្រមូលសំរាមឲ្យធ្វើការប្រមូលសំរាមឲ្យបានទៀតទាត់ហ្មត់ចត់។

* ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់សហការជាមួយក្រសួង-ស្ថាប័ននានាក្នុងការរៀបចំកំណត់តំបន់បោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋ ដើម្បីបង្ការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងដីគម្របព្រៃឈើក្នុងតំបន់ការពារធម្មជាតិនានា។

* ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទទាំងនោះឲ្យរីករាលដាល ស្មុគស្មាញ ពិបាកក្នុងការដោះស្រាយ។ នៅក្នុងការដោះស្រាយវិវាទដីធ្លី ជម្លោះ និងការទាមទារតវ៉ានានានៅមូលដ្ឋានត្រូវខិតខំបញ្ចៀសឲ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព។

* ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសកម្មភាពចូលទន្ទ្រានកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការទប់ស្កាត់កុំឲ្យមាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរបស់រដ្ឋដោយខុសច្បាប់បន្តទៀត។ ក្នុងករណីរកឃើញការទន្ទ្រានកាន់កាប់ដីធ្លីនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើត្រូវអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ឲ្យបានតឹងរឹងម៉ឺងម៉ាត់។ ត្រូវណែនាំដល់អាជ្ញាធរភូមិឃុំមិនត្រូវចុះហត្ថលេខាលើឯកសារទិញ លក់ផ្ទេរកម្មសិទ្ធិនិងឯកសារកាន់កាប់ដីធ្លីដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនោះឡើយ។

* រដ្ឋបាលខេត្តកំពង់ធំត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានាទូទាំងខេត្ត ជាពិសេសផ្តល់ការគាំទ្រ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍ វិស័យកសិកម្ម និងកសិឧស្សាហកម្មដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ស្របតាមគោលនយោបាយ និងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ត្រូវខិតខំពង្រីកប្រព័ន្ធធារាសាស្រ្ត បណ្តាញស្រោចស្រពដំណាំ ការអភិវឌ្ឍបច្ចេកទេសដាំដុះឲ្យទទួលបានទិន្នផលខ្ពស់និងមានតុល្យភាពស្របតាមតម្រូវការទីផ្សារ ការស្វែងរកទីផ្សារថ្មីៗដែលមានសក្តានុពលបន្ថែមទៀត ព្រមទាំងគិតគូរពីវិធានការនានាដើម្បីជួយការពារតម្លៃកសិផល និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋឲ្យមានស្ថិរភាព។ ជាមួយគ្នានេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំគាំទ្រអង្គភាពប្រមូលចំណូលក្នុងការកៀរគរប្រមូលប្រភពចំណូលចូលថវិកាជាតិ និងថវិកាខេត្ត ជាពិសេសត្រូវខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគ អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមសម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងកាលៈទេសៈនៃវិបត្តិ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

* រដ្ឋបាលខេត្តត្រូវខិតខំសម្របសម្រួល និងពង្រឹងការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋមកទទួលសេវានៅកន្លែងតែមួយ ព្រមទាំងពិនិត្យ តាមដាន និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង-ស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់។ ត្រូវខិតខំជំរុញ និងសម្របសម្រួលជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពន្លឿនការផ្ទេរសេវានានាដែលនៅសេសសល់មកឲ្យអង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្ត រួមទាំងផ្តល់ការគាំទ្រខាងបច្ចេកទេសការកសាងសមត្ថភាពដល់ការផ្តល់សេវាទាំងនេះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

* ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងមានសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយដើម្បីបង្កើនជំនឿទុកចិត្តនិងការគាំទ្រពីប្រជាពលរដ្ឋ។

* សហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញជូនប្រជាពលរដ្ឋ និងការចាក់វ៉ាក់សាំងដល់កុមារអាយុពី៣ឆ្នាំដល់៥ឆ្នាំ ក្នុងភូមិសាស្រ្តដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាឲ្យមានភាពស៊ាំរឹងមាំក្នុងសហគមន៍ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។

* ណែនាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាត់បន្ថយការជួបជុំដែលមានការប្រមូលផ្តុំមនុស្សច្រើន ឬកំណត់ឲ្យមានការចូលរួមក្នុងកម្មវិធីជួបជុំនានាឲ្យនៅកម្រិតអប្បបរមា ដើម្បីធានាបាននូវការអនុវត្តវិធានគម្លាតសុវត្ថិភាពបុគ្គល និងសង្គម។

* បន្តអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាប់ជាប្រចាំនូវការរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ព្រមទាំងពង្រឹងការយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាល។

* ត្រូវពង្រឹងការអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីប្រតិបត្តិស្តង់ដា (SOP) តាមវិស័យនានាឲ្យបានត្រឹមត្រូវហ្មត់ចត់សម្រាប់ធានាដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមតាមគន្លងប្រក្រតីភាពថ្មី និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ទាក់ទងនឹងបញ្ហាដីនៅតំបន់ការពារ តំបន់ព្រៃលិចទឹក (តំបន់៣) និងតំបន់២ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ឯកឧត្តមប្រធាន ថោង ខុន បានបញ្ជាក់ជូនអង្គសន្និបាតពីការអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីតំបន់៣ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប គោលការណ៍ដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងអនុវត្តតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ៧០៥ សជណ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ជាពិសេសស្មារតីនៃកិច្ចប្រជុំតាមអនឡាញ (Zoom) កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបូកសរុបលទ្ធផលនៃការចុះអនុវត្តវិធានការចំពោះការកាន់កាប់ទីតាំងដីព្រៃលិចទឹកតំបន់បឹងទន្លេសាប និងពិនិត្យសំណើសុំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋស្ថិតនៅខេត្តកំពង់ធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here