សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីកម្ពុជា-ចិន បានឈានដំណាក់កាលថ្មី ប្រកបដោយថាមវន្ត និងភាពរឹងមាំ

0
16

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានមាប្រសាសន៍ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីរបស់ប្រទេសទាំងពីរកម្ពុជា-ចិន បានឈានដំណាក់កាលថ្មី ប្រកបដោយថាមវន្ត និងភាពរឹងមាំ ជាពិសេសនៅក្នុងក្របខ័ណ្ឌថ្មី នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ (២០២៤-២០២៨)។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ដូចនេះ នៅក្នុងពិធីលៀងសាយភោជន៍ នារាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ជូនគណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។

ថ្លែងក្នុងពិធីលៀងសាយភោជន៍នារាត្រីនេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរ កើតចេញពីកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម សូរ៉ាត ហ្សាគៀរ អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនចិន និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ដែលបានឆ្លុះបញ្ជាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តលើកកម្ពស់ ពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងការគាំទ្រគ្នាទៅវិញទៅមក សំដៅនាំមកនូវផលប្រយោជន៍រួមនៃប្រទេសទាំងសងខាង។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាក៏បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះលទ្ធផលដ៏ត្រចះត្រចង់ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនេះដែរ ឯកឧត្តម សូរ៉ាត ហ្សាគៀរ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជាចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ឯកឧត្តម បានលើកសរសើរពីប្រវត្តិសាស្រ្តកម្ពុជាដែលមានជាយូរលុងណាស់មកហើយ ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលគ្រប់ទីកន្លែង។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ដោយបានកត់សម្គាល់នូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវស្ថិរភាពនយោបាយ ការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច នាំឱ្យជីវភាពប្រជាជនមានលំនឹងនិងកើនឡើងជាលំដាប់។ ឯកឧត្តម បានគូសបញ្ជាក់ពីចំណងមិត្តភាពកម្ពុជា-ចិន ដែលមានជាយូរអង្វែងមកហើយ នឹងកំពុងប្រែក្លាយជាគំរូនៃទំនាក់ទំនងជាអន្តរជាតិក្នុងសម័យថ្មី។ ឯកឧត្តម បានគាំទ្រនូវប្រសាសន៍លើកឡើងដោយ សម្តេចរដ្ឋសភាធិបតី ដែលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីរបស់ប្រទេសទាំងពីរបានឈានដំណាក់កាលថ្មីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ ឯកឧត្តម បានបង្ហាញពីឆន្ទៈរបស់ភាគីចិនក្នុងការផ្តល់អាទិភាព និងផ្តោតសំខាន់ លើការបង្កើនការតភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពទាំង០៦ រួមមាន៖ (១) កិច្ចសហប្រតិបត្តិការនយោបាយ (២) គុណភាព និងសមត្ថភាពផលិតកម្ម (៣) កសិកម្ម (៤) ថាមពល (៥) សន្តិសុខ និង (៦) ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងការពន្លឿនដំណើរការនៃច្រករបៀងមច្ឆា និងអង្ករ។

ជារួម ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទំាងពីរបានបេ្តជ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកចំណងមិត្តភាព ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និងល្អប្រសើរឡើងថែមទៀត នាពេលអនាគត សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here