ក្រសួងសេដ្ឋកិច្ច និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ចុះកិច្ចព្រមព្រៀងឥណទាន សម្បទានបន្ថែម២៥លានអឺរ៉ូ សម្រាប់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា ក្រសួងសេដ្ឋកិច្ច និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ចុះកិច្ចព្រមព្រៀងឥណទាន សម្បទានបន្ថែម២៥លានអឺរ៉ូ សម្រាប់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា

0
19

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Marie-Helene LOISON អគ្គនាយករងប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន សម្បទានបន្ថែមចំនួន ២៥លានអឺរ៉ូ សម្រាប់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (Top up for Rural Infrastructure Development for Cambodia Program-RID4CAM), និងអនុស្សារណៈស្តីពីក្របខណ្ឌ ២០៥០ ដំណាក់កាលទី ២ (Facility 2050 Phase 2)។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសលោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Marie – Héléne LOISON អមដោយលោក Fabrice ETIENNE, Chargé d’Affaires នៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោកស្រី Marie – Héléne LOISON និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនបារាំង, តាមរយៈ AFD, ចំពោះការគាំទ្រយ៉ាងពេញទំហឹងដល់ការស្តារ និងការអភិវឌ្ឍនៅកម្ពុជា ចាប់ពីដំណាក់កាលនៃការស្វែងរកសន្តិភាព រហូតដល់ដំណាក់កាលអភិវឌ្ឍន៍បច្ចុប្បន្ន។ ជាក់ស្តែង, គិតចាប់ពីឆ្នាំ១៩៩៣ មកដល់បច្ចុប្ប្ននេះ, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ចំនួនប្រមាណ ១,១៥០លានអឺរ៉ូ, ក្នុងនោះ រួមមាន៖ ហិរញ្ញប្បទានឥតសំណងចំនួន ២១៧លានអឺរ៉ូ និងឥណទានសម្បទានសម្រាប់រយៈ ពេល១១ ឆ្នាំ, ប្រមាណជិត ៨០០លានអឺរ៉ូ,ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រគ្រប់គ្រងបំណុលសាធារណៈ និងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, ដែលផ្តល់អាទិភាពគន្លឹះដល់មនុស្ស (ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបច្ចេកទេស និងជំនាញទេសចរណ៍), ផ្លូវ (ការអភិវឌ្ឍប្រព័ន្ធផ្លូវនៅតាមបណ្ដាខេត្ត), ទឹក (ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និង រោងច្រកផលិតទឹកស្អាត), ភ្លើង (ការអភិវឌ្ឍបណ្តាញខ្សែបញ្ជូនអគ្គិសនី), និងបច្ចេកវិទ្យាឌីជីថល។

លោកស្រី Marie – Héléne LOISON បានថ្លែងអំណរគុណ និងសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ចំពោះ អគ្គបណ្ឌិតសភាចារ្យ ដែលបានឆ្លៀតពេលដ៏មានតម្លៃ និងមមាញឹក ទទួលជួបក្រុមការងារដើម្បីពិភាក្សាការងារនៅថ្ងៃនេះ។ លោកស្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគី កម្ពុជា-បារាំង ដែលមានការរីកចម្រើនជាលំដាប់ព្រមទាំង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់គោលនយោបាយលើកទី៧ ដោយជោគជ័យ និងទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ទន្ទឹមនេះ, លោកស្រីក៏បានគូសបញ្ជាក់ថា បារាំងនឹងនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជា ដោយនៅតែរក្សាទំហំឥណទានសម្បទាន ចំនួន ២០០លានអឺរ៉ូ ក្នុងមួយឆ្នាំព្រមទាំងនឹងបន្តជួយកៀរគរជំនួយបច្ចេកទេសពី Expertise France, ហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប, និងសហហិរញ្ញប្បទានពីប្រភពផ្សេងទៀត សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ ដល់ AFD ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច, បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ផងដែរថា លទ្ធផល និងកិច្ចពិភាក្សាដ៏ស៊ីជម្រៅ នាឱកាសកិច្ចពិគ្រោះយោបល់គោលនយោបាយលើកទី៧ បានស្តែងឱ្យឃើញអំពីសារៈប្រយោជន៍នៃយន្តការទ្វេភាគីដ៏សំខាន់ក្នុងការពង្រឹង និងការពង្រីកលើ កិច្ចសហប្រតិបត្តិការនានា, ជាពិសេស ទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍។

កិច្ចពិគ្រោះយោបល់នេះ បានផ្តល់ឱកាសដល់ភាគីទាំងពីរ ធ្វើការត្រួតពិនិត្យរួមគ្នា និងឯកភាពលើ ទិសដៅគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ក្នុងវិស័យអាទិភាព ក៏ដូចជា បញ្ជីគម្រោងសម្រាប់បណ្តាឆ្នាំខាងមុខ ដោយកំណត់យក អាទិភាព៥ រួមមាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និងបច្ចេកវិទ្យា ក្នុងគោលដៅចម្បងដើម្បីរក្សាចលនការនៃសុខសន្តិភាព, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម ព្រមទាំងដើម្បីកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង៥ រួមមាន៖ វិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ, វិស័យធនធានមនុស្ស និងសង្គម, វិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here